Tuesday, July 26, 2011

ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត

និយមន័យ៖​ ធ្វើអ្វីៗ ក្នុងពេលកំពុងចង់ធ្វើ
អត្ថាធិប្បាយ
*.អត្ថារូប.*
*ធ្វើស្រែទាន់ក្តៅដី* តាមទំលាប់ពីដូនតាមក ពេលធ្វើស្រែគេភ្ជួរដីហាលចោលសិន។ ដើម្បីឲ្យដីក្តៅ
ងាយស្រួលក្នុងការរាស់បំបែកដី។ បើដីត្រាំទឹកជ្រាយរលួយ គេមិនបាច់ភ្ជួរចោលទេ គឺភ្ជួរហើយរាស់
តែម្តង។
*.ចង់ស្រីទាន់ក្តៅចិត្ត.* អ្នកដែលកំពុងមានកាមារម្មណ៍ តែងមានចិត្តពុះកញ្រ្ជោល ភ្លើតភ្លើន រំភើប
ញាប់ញ័រ ឈាមក្នុងខ្លួនក៏មានចំហាយក្តៅភាយ។ ពេលនេះ គេហ៊ានធ្វើអ្វីៗដែលពីមុនមកគេមិន
​ ហ៊ានធ្វើសោះ។
*.អត្ថប្បដិរូប.*
ទង្វើអ្វក៏ដោយ បើមានចិត្តដូចជាពុំសូវចង់ធ្វើទេ ឬចិត្តពុំលះទេ គេធ្វើអ្វីក៏ពុំកើតដែរ។
ព្រោះទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ប្រកបដោយភាពខ្ជឹលច្រអូស ស្ពឹកស្រពន់ ចិត្តរាយមាយ បាត់បង់
ក្តីអំនត់ និងក្តីព្យាយាមអស់ពីក្នុងខ្លួន។
ដូច្នេះហើយបានជាលោកពោលថាបើធ្វើអ្វីៗ ទាន់ចិត្តកំពង់ចង់ ឬកំពុងក្តៅ ព្រោះថា
ចិត្តកំពុងក្តៅ​ឬកំពុងចង់ ហាក់ដូចជាមានឥទិ្ធពលអ្វីមួយមកជួយជំរុញច្រានផង រួមផ្សំនឹងសន្ទុះចិត្ត
កំពុងខ្លាំងក្លាផង គេអាចធ្វើការងារនោះបានទាល់តែបានសំរេច។ ដូចជា៖
-នាយឆឺតពុំមែនជាជាងឈើទេ តែគេមានមានៈចិត្តមួយថា គេនឹងធ្វើតុហូបបាយមួយ
ឲ្យបាន ដោយក្តីព្យាយាមផង ដោយកំលាំងចិត្តមុតមាំផងទីបំផុតគេធ្វើបានមែន។
-នាយឆោមក្តៅចិត្តនឹងប្រពន្ធស្តីឲ្យថា ធ្វើផ្ទះបាយប៉ុណ្ណឹងមិនកើត។ គេក៏ចាប់ធ្វើទាល់តែ
កើតបានដូចចិត្ត។៚(មន្ទីពេទ្យចំការចេក ក្រុងព្រះសីហនុ ៣-១២-២០០៦)
(ចំលងចេញពី​ សៀវភៅ" វចនានុក្រម សុភាសិតខ្មែរអធិប្បាយ ភាគ១​ ទំ.២៧៣-២៧៤)

0 comments: